រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ប្រវត្តិខេត្ត

  • 6.1ពាន់
  • ដោយ Admin

១. សាវតា

យោងតាមឯកសារសាវតានៃខេត្តកំពង់ស្ពឺ ដែលបានរៀបរៀងដោយ រដ្ឋបាលខេត្តបានឲ្យដឹងថា កាលពីដើមឡើយខេត្តកំពង់ស្ពឺ មានឈ្មោះថា «សំរោងទង» ប៉ុន្តែក្រោយមកបានប្តូរជាឈ្មោះ «កំពង់ស្ពឺ» ជាប់រហូតដល់សព្វថ្ងៃ ។

ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​សម័យ​អាណាព្យាបាលបារាំង ​នៃ​រជ្ជកាល សម្តេច​ព្រះ​បាទ ស៊ីសុវត្ថិ ដោយ​ព្រះ​រាជ​ប្រកាស​លេខ ៣០ ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩២២ ដែលមានប្រកាសអារេតេ លោកឡឺរេស៊ីដង្គ សុប៉េ រ័យ៉ើរ លេខ ៥៦២ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩២២ បញ្ញត្តឱ្យសម្រេចបាន។

រាជកិច្ចរាជការ (ប្រភព បណ្ណសារដ្ឋានជាតិ)

បើតាមការសិក្សាពីចាស់ទុំ ព្រឹទ្ធាចារ្យនៅខេត្តនេះ បានឲ្យដឹងថា មុនសម័យអាណាព្យាបាលបារាំង ខេត្តកំពង់ស្ពឺមានឈ្មោះថា «ខេត្តសំរោងទង» មានព្រំប្រទល់ខាងកើតត្រឹមថ្នល់បំបែកចោមចៅ ខាងលិចត្រឹមស្ទឹងស្រែខ្លុង ខាងត្បូងត្រឹមស្ទឹងស្លាគូនៃស្រុកត្រាំកក់ ខេត្តតាកែវ និងខាងជើងត្រឹមស្ទឹងក្រាំងពន្លៃ ។

ក្រោយមក​ពួក​បារាំង​យល់​ឃើញ​ថា ទីតាំង​ខេត្ត​សំរោង​ទង​តូច​ចង្អៀត ដី​ទំនាប​ទឹក​លិច​នៅ​រដូវ​វស្សា រីឯ​រដូវប្រាំង​ខ្វះ​ទឹក​ប្រើប្រាស់ ក៏​ផ្លាស់​ទីតាំង​ខេត្ត​ទៅ​តាំងនៅ​ត្រង់​បន្ទាយ​ភូមិភាគ​៣​សព្វថ្ងៃ ។ បារាំង​បាន​កសាង​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ពី​សាលាខេត្ត​សំរោង​ទង​ទៅ​ត្បូង​ឆ្ពោះទៅ​ផ្សារ​ចាស់​សព្វថ្ងៃ និង​ធ្វើ​ស្ពាន​អំពី​ឈើ​សម្រាប់​ឱ្យ​ប្រជាជន​ឆ្លងកាត់​ស្ទឹង​ឆ្ពោះទៅ​ផ្សារ​ចាស់ ។

ចំណេរ​តម​ក បារាំង​បាន​រើស​ទីតាំង​មួយទៀត​ធ្វើ​ជា​សាលាខេត្ត​គឺ​ត្រង់​ម្តុំ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ និង​ក្រោយ​ពី​សាងសង់​រួច​ហើយ​ក៏​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​ខេត្តកំពង់ស្ពឺ ។ តាម​ការ​សន្និដ្ឋាន​របស់​ព្រឹទ្ធាចារ្យ​មួយ​ចំនួន​ថា សម័យ​នោះ​មូលហេតុ​បានជា​បារាំង​ដាក់​ឈ្មោះ​ខេត្ត​ថ្មី​ថា «​ខេត្តកំពង់ស្ពឺ​» ពីព្រោះ​នៅ​ម្តុំ​ក្បាលស្ពាន​ដែល​បារាំង​កសាង​គឺ​សម្បូរ​ទៅ​ដោយ​ព្រៃ​ដើម​ស្ពឺ ។

មុន​ពេល​បារាំង​កសាង​ស្ពាន ទីនោះ​គឺជា​កំពង់ចម្លង​ដែល​មាន​ដុះ​ដើម​ស្ពឺ​ច្រើន ។ នៅ​ត្រង់​សាលាខេត្ត​ថ្មី​ដែល​បារាំង​បាន​កសាង គឺ​មាន​វត្ត​មួយ​ឈ្មោះ​ថា «​វត្ត​អន្លង់​ចាំ​ហែ​» ។ នៅ​ពេល​បារាំង​កសាង​សាលាខេត្ត ក៏​បញ្ជា​ឱ្យ​វត្ត​អន្លង់​ចាំ​ហែ​រុះរើ​ទៅ​សាងសង់​ថ្មី​នៅ​ត្រង់​វត្ត​ម្រុំ​សព្វថ្ងៃ ហើយ​ប្រជាជន​ដាក់​ឈ្មោះ​វត្ត​ថ្មី​ថា «​វត្ត​ម្រុំ​» វិញ​រហូត​មក​ដល់​សព្វថ្ងៃ ។ សព្វថ្ងៃ​វត្ត​ម្រុំ​មាន​ពីរ​គឺ វត្ត​ម្រុំ​ជើង និង​វត្ត​ម្រុំ​ត្បូង ។

បារាំង​ចាប់ផ្តើម​កំណត់​ព្រំប្រទល់​របស់​ខេត្តកំពង់ស្ពឺ​ម្តងទៀត គឺ​ខាងកើត​ត្រឹម​ថ្នល់​ទទឹង ខាងលិច​ត្រឹម​ស្ពាន​អូរ​គគីរ ខាងជើង​ត្រឹម​ស្ទឹង​ក្រាំង​ពន្លៃ ខាងត្បូង​ត្រឹម​ផ្លូវជាតិ​លេខ​៣​ត្រឹម​ស្ទឹង​ស្លា​គូ ជាប់​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

នៅរដ្ឋការបារាំង ខេត្តកំពង់ស្ពឺបានបែងចែកជា ០៤ ស្រុក និងគ្រប់គ្រងដោយមន្ត្រីដែលទទួលតាមគោរមងារពីមហាក្សត្រ ទៅតាមឋានានុក្រម មានដូចតទៅ៖

ចៅហ្វាយខេត្ត៖ ឧកញ៉ាឧទយោធិរាជបុរន្តគាមរាមឫទ្ធិស័ក្ដិបព្វតាវ័នឧត្ដមក្រមពាហុ

ភូឈួយខេត្ត៖ អធិរាជឧទ័យ

បាឡាត់ខេត្ត៖ ជំនិតអធិរាជ

ចៅហ្វាយស្រុកសំរោងទង៖ អធិរាជវង្សា

បាឡាត់ស្រុកសំរោងទង៖ វង្សាធិរាជ

ចៅហ្វាយស្រុកគងពិសី៖ វង្សាសមសក្តិ

បាឡាត់ស្រុកគងពិសី៖ ពិភ័ក្ដិសមសក្តិ

ចៅហ្វាយស្រុកថ្ពង៖ រាជាសង្គ្រាម

ចៅហ្វាយស្រុកភ្នំស្រួច៖ វង្សាឧទ័យ

ប្រភពពី KS: https://sbm.news/articles/601e397d4d1ad70a7fc7c056