កំពង់ស្ពឺ÷ ពិធីក្រុងពាលីសាងសង់ស្ដូបមិត្តភាពកម្ពុជាវៀតណាម ធ្វើឡើងវិញនៅតាមបណ្ដាខេត្តនានា ទូទាំងប្រទេសកម្ពុជា ពិសេសក្នុងខេត្តកំពង់ស្ពឺនាថ្ងៃនេះ គឺចង់បង្ហាញដល់កូនខ្មែរ ជំនាន់ក្រោយ បានដឹងនូវប្រវត្តិសាស្ត្រដ៏ជូរចត់ដែលពុំអាចបំភ្លេចបាន។ ហើយយុទ្ធជនយើងខិតខំតស៊ូរើបម្រះ រំដោះប្រទេសជាតិ រហូតបានជ័យជំនះ ចេញពីរបបអាវខ្មៅ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលដែលរបបនេះបានកាប់សម្លាប់ឥតរើសមុខ ដូចជា÷ សាស្ត្រាចារ្យ បញ្ញាវ័ន្ដ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកចេះដឹង និងធ្វើទារុណកម្ម កាប់សម្លាប់ប្រជាជនស្លូតត្រង់ឥតត្រាប្រណី ព្រមទាំងបង្អត់អាហារ ធ្វើបាប និងសម្លាប់ជាតិសាសន៍ឯងដូចសត្វធាតុ កូនលែងស្គាល់ឪពុក ម្ដាយ ដូចដោយចោទថា ជាខ្មាំង ជាស៊ីអាយអេ ជាអាយ៉ង។ ឯកឧត្តម ញ៉ែម វ៉ាលី ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មានប្រសាសន៍បែបនេះ គ្រាដែល ឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីសាងសង់ស្ដូប មិត្តភាពកម្ពុជាវៀតណាម ស្ថិតនៅក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនារសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០។
ឯកឧត្តមបានបន្តទៀតថា÷ ការសាងសង់នេះ គឺមានរយៈពេលជាក់លាក់ ហើយសំណង់ ត្រូវមានគុណភាព និងមានសួនច្បារសម្រាប់ប្រជាជនដើរលំហែ និងហាត់ប្រាណ ដោយមានដាំស្មៅ និងកូនឈើនៅក្នុងសួន ដើម្បីឱ្យមានសោភ័ណភាពនៅក្នុងតំបន់ទីក្រុងនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីក្រុងពាលី និងត្រូវសាងសង់ដោយក្រុមហ៊ុន ឧកញ៉ា ខៃ ម៉េងស៊ុន នៅក្នុងពិធីក្រុងពាលីនៅដែរ ក៏មានវត្តមាន ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ និងជាប្រធាននាយកខុទ្ទកាល័យ ក្រុមប្រឹក្សាជាតិរណសិរ្ស ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោកវរសេនីយ៍ឯក ង្វៀន ថាញចិញ សេនានុពន្ធយោធា នៃស្ថានទូតសាធារណរដ្ឋសង្គមនិយម វៀតណាម និងមានការចូលរួមពីលោក លោកស្រី តំណាង កងកម្លាំងទាំងបី តំណាងមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ៕