កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ទទួលធុងបាញ់ថ្នាំកម្ចាត់មេរោគ កូវីដ-១៩ ដល់មន្ទីរពេទ្យបង្អែក និងការិយាល័យស្រុកប្រតិបត្តិស្រុក តាមរយៈមន្ទីរសុខាភិបាលខេត្ត ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការបាញ់ថ្នាំកម្ចាត់មេរោគកូវីដ-១៩។ នាពេលបច្ចុប្បន្ននេះដែលពិភពលោកកំពុងមានការព្រួយបារម្ភ ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងរូបឯកឧត្តមផ្ទាល់ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ប៊ុន ចាន់សុភាព អគ្គនាយកក្រុមហ៊ុន ធី ខេអេស គ្រុប ហៅ(គីសែ) ដែលបានចូលរួមឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ២៥ គ្រឿង។ សម្រាប់ចូលរួមក្នុងការប្រតិបត្តិការទប់ស្កាត់ជំងឺ កូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។ ឯកឧត្តមសូមបួងសួងឲ្យ លោក និងក្រុមគ្រួសារ ព្រមទាំងសហការី បានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕