កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តមានប្រសាសន៍នៅមុខសប្បុរសជន និងមន្ត្រីរាជការថា÷ ការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គឺជាកម្លាំងចលករមួយដែលមិនអាចខ្វះបាន ដើម្បីជំរុញឲ្យរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ មានឱកាសបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋទូទៅ នៅពេលដែលពួកគាត់ជួបនូវគ្រោះអាសន្នផ្សេងៗ ពិសេសខេត្តកំពង់ស្ពឺយើងតែម្ដង បើទោះបី រហូតមកដល់ពេលនេះប្រជាជននៅក្នុងខេត្តរបស់យើង ពុំមានរកឃើញនូវអ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើមថ្មី ក៏ដោយចុះ ក៏រដ្ឋបាលខេត្តកំពង់ស្ពឺនៅតែបន្តខិតខំជំរុញ ឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបំពេញតាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ ចេះការពារខ្លួន ដោយលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល និងមុជទឹកសម្អាតខ្លួន ឱ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន។ ហាមការជួបជុំផឹកស៊ីដោយមានមនុស្សចូលរួមច្រើន។ មិនត្រូវធ្វើដំណើរទៅទីជិតឆ្ងាយក្នុងករណីមិនចាំបាច់ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះតែម្ដង។
ឯកឧត្តមបានបន្តឲ្យដឹងផងដែរថា រដ្ឋបាលខេត្ត នឹងយកសម្ភារៈ ថវិកា របស់សប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភទាំងអស់នេះ ទៅចែកជូនឲ្យចំគោលដៅ ដោយមានតម្លាភាព ដើម្បីឆ្លើយតបទៅនឹងទឹកចិត្តម្ចាស់ទានផងដែរ។
សម្ភារៈដែលទទួលបាននាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ដោយលោក សយ សម្បត្តិ បានផ្ដល់នូវទឹកអាល់កុលលាងដៃចំនួន ៦០ លីត្រ -ជែលលាងដៃ ២០ដប- ម៉ាស់ ១០ប្រអប-មី 10កេស-ទឹកត្រី ១០ យួរ-ត្រីខ ១០ យួរ-ទឹកស៊ីអ៊ីវ ១០ យួរ-ក្រុមហ៊ុនហេងសម្បត្តិមានលាភ ជូននូវទឹកប្រាក់ ២០០០ ដុល្លារសហរដ្ឋអាមេរិក-លោក ពេជ្រ ប៊ុន៊នជឿន និងភរិយាចូលរួមឧបត្ថម្ភអង្ករ ៦ តោន សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺ Covid-19 ដែលកំពុងបង្កគ្រោះភ័យដល់សុខភាពនិងអាយុជីវិតប្រជាជនកម្ពុជាផងដែរ៕