កំពង់ស្ពឺ÷ សុខទុក្ខប្រជាពលរដ្ឋ ត្រូវបានរដ្ឋបាលខេត្ដកំពង់ស្ពឺយកមកធ្វើជាប្រធានបទ សម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ ត្រូវគិតគូរដោះស្រាយជាចម្បង កិច្ចការទាំងនេះ បានបង្ហាញតាម កាយវិការ និងសកម្មភាពដឹកនាំចង្អុលបង្ហាញរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដាក់ចេញនូវផែនការគោលដៅយុទ្ធសាស្ត្រជាក់លាក់ សម្រាប់ថ្នាក់ដឹកនាំ ថ្នាក់ក្រោមជាតិអនុវត្តប្រតិបត្តិ ដោយឥតងាករេ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានចុះជួបសំណេះ សំណាលជាមួយនឹងកម្មករជាងសំណង់បច្ចេកទេស នៅចំណុចស្ពានកំពុងសាងសង់មួយកន្លែង ដោយក្នុងនោះឯកឧត្តម មានប្រសាសន៍សំណេះសំណាលដោយលើកទឹកចិត្តដល់កម្មករទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ខណៈពេលដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ ពីបញ្ហាការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មី Covid-19។
ដោយបងប្អូន ត្រូវមានថែរក្សាសុខភាព និងមានអនាម័យដោយលាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ ឬអាល់កុល ព្រមទាំងសម្អាតខ្លួនប្រាណ និងសំលៀកបំពាក់តាមដែលអាចធ្វើទៅបាន។ ហើយបងប្អូនជាអ្នកជំនាញទាំងអស់ ត្រូវខិតខំធ្វើការងារសាងសង់ស្ពាននេះ ប្រកបដោយគុណភាពខ្ពស់ ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងទុកឲ្យមនុស្សជំនាន់ក្រោយៗទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ការសាងសង់ស្ពានតាហោទួលធ្នង់នេះ គឺស្ពានមានទំហំទទឹង ១០ ម៉ែ ត្រគុណនិង ១៨ ម៉ែត្រធ្វើអំពីបេតុង ស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម៕