កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងCovid-19 ក្នុងនោះមាន មីចំនួន ៥០ កេសធំ ស្មើ ៣០០ កញ្ចប់តូច -ម៉ាស់ចំនួន៥០០០ ម៉ាស់ និងថវិកាចំនួន ១២.០០០.០០០រៀល(១២លានរៀល) ពីតំណាងលោកឧកញ៉ាបណ្ឌិត ទ្រីភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកជំទាវ សាលាខេត្តកំពង់ស្ពឺ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០។
ក្នុងពិធីប្រគល់ទទួលនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ាបណ្ឌិត ទ្រីភាព និងលោកជំទាវតាមរយៈតំណាងក្រុមហ៊ុនដែលបានផ្តល់ជូន និងចែករំលែកទាំងសំភារៈ ថវិកា ក្នុងចូលរួមទប់ស្កាត់ជំងឺរីករាលដាល ជាមួយគណៈកម្មាធិការ Covid-19ខេត្ត តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមមានប្រសាសន៍បន្តទៀតថា ក្រោយពីទទួលបានទាំងសំភារៈថវិកា ពីសប្បុរសជននានាកន្លងមកគណៈកម្មាធិការតែបានចែករំលែកសម្ភារៈមួយចំនួន ទៅតាមបណ្ដាញមណ្ឌលសុខភាព-មន្ទីរពេទ្យ-ក្រុង-ស្រុក -ឃុំ-សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្តដើម្បីយកទៅប្រើប្រាស់ ជាបន្តបន្ទាប់។
ហើយគណៈកម្មាធិការនឹងបន្តធ្វើការងារមនុស្សធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទប់ស្កាត់ ការរីរាលដាលជំងឺកូវីដ-19។
ហើយគណៈកម្មាធិការ មានផែនការ ក្នុងការបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាសហគមន៍នានានៅទូទាំងខេត្តទទួលបាននូវការអប់រំណែនាំ ពីការការពារនិងទប់ស្កាត់ការរីករាលដាល និងគ្មានអ្នកទុក កូវីដ-19 ក្នុងខេត្តកំពង់ស្ពឺ ឲ្យនៅកម្រិតសូន្យដូចសព្វថ្ងៃនេះផងដែរ៕