កំពង់ស្ពឺ÷ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនឱ្យកែឆ្នៃម៉ូតូខុសលក្ខណៈបច្ចេកទេសឡើយ លោក
តាប់ លន ស្នងការរងខេត្ត មានប្រសាសន៍បែបនេះគ្រាដែលលោកបានជួបអាណាព្យាបាល និងម្ចាស់ម៉ូតូកែច្នៃខុសទ្រុងទ្រាយដើមចំនួន ១៩ គ្រឿង កាលពីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ នៅប៉ុស្តិ៍រដ្ឋបាលស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមឱ្យអាណាព្យាបាលគ្រប់រូប ត្រូវខិតខំអប់រំណែនាំឲ្យកូនចៅប្រព្រឹត្តអំពើល្អ មិនត្រូវបង្ករភ័យខ្លាចដល់អ្នកដទៃខណៈពេលធ្វើដំណើររួមគ្នា លើផ្លូវសាធារណៈ។ ដោយម្ចាស់ម៉ូតូ មិនត្រូវដាក់ស៊ីម៉ាំងលឺខ្លាំងខុសពីទ្រង់ទ្រាយដើម ជាហេតុធ្វើឲ្យរំខានការរស់នៅរបស់ប្រជាពលរដ្ឋ បង្កចលាចលសង្គម ខូចសណ្ដាប់ធ្នាប់សាធារណៈ។ គ្រប់ម៉ូតូ ត្រូវមានកញ្ចក់ ស្លាកលេខ ហើយរាល់ពេលបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ មិនត្រូវបើកបរក្នុងស្ថានភាពគ្រោះថ្នាក់ មិនត្រូវវ៉ាជេង ឬប្រណាំងគ្នាលេងតាមផ្លូវសាធារណៈ ដោយពុំបានគិតពីការបុកប៉ះទង្គិចជាមួយអ្នកធ្វើដំណើរផ្សេងទៀតនោះឡើយ។
នៅមុខអាជ្ញាធរ ជាចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល និងអភិបាលក្រុង និងអាណាព្យាបាល ព្រមទាំងម្ចាស់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់នោះ លោក តាប់ លន ស្នងការរងខេត្ត និងលោក ហុក ម៉ាឌី អភិបាលក្រុងច្បារមនបានប្ដេជ្ញារួមគ្នាថា÷ លើកក្រោយទៀតកម្លាំងលោក និងមិនបន្តឲ្យធ្វើកិច្ចសន្យា ព្រមទាំងមិនអនុញ្ញាតិឲ្យយកម៉ូតូខុសលក្ខណៈបច្ចេកទេសទាំងអស់នេះ ប្រើប្រាស់វិញឡើយ។ហើយម៉ូតូទាំងអស់នេះ ត្រូវកម្លាំងលោកនឹងធ្វើការកំទេចចោលតែម្ដង។
គួរបញ្ជាក់ថាម្ចាស់ម៉ូតូទាំង ១៩ គ្រឿង ក្រោយពីសមត្ថកិច្ចបានឃាត់ទុកមួយរយៈរួចមក ក៏អាជ្ញាធរអនុញ្ញាតឲ្យយកត្រឡប់ទៅប្រើប្រាស់វិញ លុះត្រាតែម្ចាស់ម៉ូតូទាំងអស់នោះធ្វើការដោះដូរ និងបំពាក់គ្រឿងដើមតាមប្រភេទម៉ូតូនីមួយៗ