កំពង់ស្ពឺ÷ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំចុះផ្សព្វផ្សាយណែនាំអំពីវិធីសាស្ត្រក្នុងការដាំដុះ និងបង្កើនទិន្នផលទំពាំងបាយជូរ ដែលប្រជាកសិករកំពុងដាំដុះ និងត្រូវខិតខំលើកទឹកចិត្តបង្កើនផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុង និងក្រៅខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត មានប្រសាសន៍ដូចនេះគ្រាដែល ឯកឧត្តមបានចុះពិនិត្យ និងសំណេះសំណាល ជាមួយសហប្រជាសហគមន៍ ដែលកំពុងដាំដុះទំពាំងបាយជូរលើផ្ទៃដីដាំដុះប្រមាណជា ១៤ហិកតាស្ថិតនៅក្នុងភូមិទឹកល្អ ឃុំដំបូករូង ស្រុកភ្នំស្រួចកាលពីរសៀលថ្ងៃទី ឲ៧ ខែឧសភា ឆ្នាំ ២០២០។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត សូមឲ្យមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវមានទំនាក់ទំនង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យអ្នកទទួលទានបានដឹងអំពីផលិតផលក្នុងខេត្តរបស់យើង មានចម្ការទំពាំងបាយជូរដាំដុះបែបធម្មជាតិ ដោយពុំប្រើប្រាស់សារធាតុគីមី ដែលបង្កឲ្យខូចសុខភាពអ្នកទទួលទាននោះឡើយ។
ហើយម្យ៉ាងទៀតមន្ទីរពាណិជ្ជកម្មក៏ ត្រូវតែខិតខំរកទីផ្សារ ដើម្បីលក់ស្រាទំពាំងបាយជូរ ដែលពួកគាត់បានផលិត តាមបែបធម្មជាតិ និងមានរសជាតិឈ្ងុយឆ្ងាញ់ពិតៗ។ ក្នុងន័យនេះ គឺចង់បង្ហាញ ព្រមទាំងចូលរួមលើកកម្ពស់សង្វាក់ផលិតកម្មក្នុងស្រុក បង្កើនការងារឲ្យប្រជាពលរដ្ឋ មានការងារធ្វើកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺរបស់យើងផងដែរ៕