កំពង់ស្ពឺ ៖នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កក្នុងគម្រប់ព្រះជន្ម៦៧ យាងចូល ៦៨ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអានសារថ្វាយព្រះពរដល់ព្រះអង្គថា៖ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះជន្មគម្រប់៦៧ យាងចូល ៦៨ព្រះវស្សា ដែលបានប្រារព្ធឡើងនៅព្រឹកនេះថា ស្ថិតក្នុងឱកាសដ៏មហានក្ខតឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដល់ដ៏ថ្លៃថ្លាគម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា ទូរព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជានុរាស្រ្តទាំងអស់ទូទាំងខេត្តកំពង់ស្ពឺទាំងមូល សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអភិវន្ទនកិច្ច និងអំណរសាទរដោយស្មោះអស់ពីដួងចិត្តចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកត្តញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខមាលភាពជីវភាពរស់នៅរបស់ប្រជាជន និងការងារកិច្ចការបរទេស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ រួមទាំងការអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាទីស្នេហាលើគ្រប់វិស័យឲ្យរឹតតែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លា។
ទូលព្រះបង្គំយើងខ្ញុំ សូមសម្ដែងនូវទឹកចិត្តស្វាមីភ័ក្តនិងដង្ហែតាមព្រះរាជមាគ៌ានយោបាយដ៏ភ្លឺស្វាងពោរពេញដោយព្រះរាជគតិបណ្ឌិត របស់ព្រះកុណាជាអម្ចាស់ជីវិតលើត្បូងសម្រាប់ជានិមិត្តរូបនៃឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងសូមតេជៈបារមីទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រិស្តសករាជ ២០២០ និងវត្ថុសាកសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះបារមីនៃព្រះវិញាណក្ខន្ធ ព្រះអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយ៉ានី សូមជួយប្រោសព្រំបីបាច់រក្សាព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍកមនា ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីរោគាព្យាធិនានា នៅសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោជាតិតរៀងទៅ ។