កំពង់ស្ពឺ÷ គ្រួសារងាយរងគ្រោះ ក្នុងនោះមាន ជនពិការ ចាស់ជរាអត់ទីពឹង និងស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ចំនួន៤០គ្រួសារ នៅឃុំចំបក់ ស្រុកភ្នំស្រួច ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជានៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងសមាជិកសមាជិកា ជាច្រើនរូបទៀត បាននាំយកអំណោយមានជាគ្រឿងឧភោគបរិភោគជាត្រីខកំប៉ុង ប្រេងឆា ទឹកត្រី ទឹកសាអ៉ីវ មី អំបិល នំធុង និងថវិការម្នាក់២ម៉ឺនរៀល ចែកជូនដល់ពលរដ្ឋខាងលើ។
លោក អោ វណ្ណថេន បានលើកឡើងនៅគ្រានោះថា ថ្វីត្បិតអំណោយមានចំនួនកំណត់ក្ដី តែក៏ជាជួយសម្រាលដល់ជីវភាពទីទាល់ក្របានមួយគ្រាផងដែរ។ ដែលសកម្មភាពនេះតែងតែធ្វើជាបន្តបន្ទាប់តាមគោលដៅដែលមានជនងាយរងគ្រោះក្នុងខេត្តកំពង់ស្ពឺ តាមគោលការណ៍របស់កាកបាទក្រហមថ្នាក់ជាតិ ទីណាមានជនក្រីក្រ គឺកាកបាទក្រហមជានិច្ចជាកាលតែងតែចុះចែកជូន។
ក្នុងនោះលោកក៏បានជំរុញដល់ពលរដ្ឋមើលថែសុខភាព ដោយការរស់នៅ ហូបចុក ត្រូវមានអនាម័យ និងបង្កើនការដាំដុះបន្លែបន្ទាប់បន្សំ និងចិញ្ចឹមមាន់ទាបន្ថែមដើម្បីជួយសម្រាលដល់ជីវភាពគ្រួសារ៕