នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២០ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូ យ៉ាងជោគជ័យរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង នៅបរិវេណមុខវិមានឯករាជ្យខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៣ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមក្នុងខេត្តផងដែរ។
ឯករាជ្យភាពនេះ មិនមែនមានន័យត្រឹមតែជាពាក្យពេចន៏ ពំនោល និងការចងចាំប៉ុណ្ណោះទេ ប៉ុន្តែក៏មានន័យថា៖
១). ជារបត់ដែលកម្ពុជាអាចដណ្តើមបានមកវិញដោយជោគជ័យនូវសិទ្ធិសម្រេចលើជោគវាសនារបស់ប្រទេសជាតិ ដោយខ្មែរខ្លួនឯង។ សិទ្ធិសម្រេចនេះ សំដៅទៅលើឯករាជ្យ អធិបតេយ្យ ការមិនអនុញ្ញាតអោយប្រទេសណាមកបញ្ជា ណែនាំ ក្នុងការអនុវត្តនយោបាយការបរទេស និងជាពិសេសនយោបាយក្នុងប្រទេស ទោះតាមរូបភាពណាក៏ដោយ។ យើងមិនទទួលយកជាដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងសូមថែរក្សាសិទ្ធិក្នុងការឆ្លើយតបដោយសមាមាត្រ ទាំងសិទ្ធិការពារខ្លួនក្នុងនាមជាប្រទេសអធិបតេយ្យ។
២). ជាមោទនភាព ដែលកម្ពុជាខ្លួនឯង អាចសម្រេចបាននូវការអភិវឌ្ឍប្រទេសជាតិចេញពីបាទដៃទទេ មកដល់ថ្ងៃនេះ ក្រោមការដឹកនាំមួយដ៏ហ្មត់ចត់ និងច្បាស់លាស់ ជាមួយនឹងភាពទទួលខុសត្រូវ ការលះបង់ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ យើងក៏មិនភ្លេចមិត្ត និងដៃគូដែលបានជួយជ្រោមជ្រែងក្នុងដំណាក់កាលដែលយើងពិបាកនោះទេ តែក្នុងនាមជាកូនខ្មែរ យើងត្រូវចាំថា យើងត្រូវចេះជួយខ្លួនឯង ខំប្រឹងដោយខ្លួនឯង សម្រេចជោគជ័យដោយខ្លួនឯងផ្អែកលើ ស្មារតី “ជឿថាខ្មែរធ្វើបាន”។ យើងសម្រេចបានច្រើនណាស់សម្រាប់ប្រទេសជាតិ និងប្រជាជនក្នុងរយៈពេលជាង៤០ចុងក្រោយ និងជាពិសេស រយៈពេល២០ឆ្នាំក្រោយនយោបាយឈ្នះ ឈ្នះ ប៉ុន្តែការងារដែលត្រូវបំពេញសម្រាប់អនាគតកម្ពុជា ដូចចែងក្នុងទស្សន: 3C នៅមានច្រើនទៀតដើម្បីសម្រេចបានចក្ខុវិស័យ២០៥០។
៣). ជាគុណបំណាច់នៃសន្តិភាព។ “អរគុណសន្តិភាព”
សំដៅលើគុណតម្លៃ និងអត្ថន័យនៃសន្តិភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ប្រទេសដ៏កម្សត់របស់យើងបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ផ្ទៃក្នុង ដែលមូលហេតុចម្បងនៃបញ្ហានេះ ស្តែងចេញពីកត្តាភូមិសាស្រ្តនយោបាយក្នុងតំបន់ ជាពិសេសក្នុងដំណាក់កាលសង្គ្រាមត្រជាក់។ ក្នុងនោះ យើងក៏មិនគួរភ្លេចរដ្ឋប្រហារឆ្នាំ១៩៧០ ដែលធ្វើឡើងដោយ លន់ ណុល ការស្លាប់របស់ប្រជាជនខ្មែរស្លូតត្រង់រាប់លាននាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងចុងក្រោយគឺការហ៊ុំព័ទ្ធសេដ្ឋកិច្ចក្នុងទសវត្សរ៍៨០។ ប៉ុន្តែចេញពីកត្តាទាំងនេះ យើងបានយកជីវិតធ្វើជាដើមទុន ខំប្រឹងក្រោកឈរដោយលំបាក ហើយតាមរយៈពលិកម្ម និងការលះបង់គ្រប់បែបយ៉ាង យើងបានរំដោះជាតិ បង្រួបបង្រួមជាតិ និងជំរុញការអភិវឌ្ឍមកដល់ថ្ងៃនេះ ដែលនេះជាអ្វីដែលយើងមានមោទនភាព និងជាមូលដ្ឋាននៃការជឿជាក់ថា “ខ្មែរធ្វើបាន”។ ដូច្នេះយើងគួរមានមោទនភាពចំពោះសន្តិភាពដែលយើងសម្រេចបានសម្រាប់ប្រទេស និងប្រជាជនដោយលំបាកនេះ។