កំពង់ស្ពឺ ៖ ព្រឹកថ្ងៃ ចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ចិកា ឆ្នាំ ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ស្ពឺ រួមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៣៣គ្រួសារ ក្នុងនោះរលំទាំងស្រុង ៥គ្រួសារនិងស្រាល ២៨គ្រួសារ ស្ថិតនៅដំណាក់មានជ័យ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធាន គណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធាន បានជម្រាបជូនប្រជាពលរដ្ឋអំពីសមិទ្ធផល និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប៉ុន្តែចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋ ត្រូវស្វែងរក ដោយខ្លួនឯង និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ចអំពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត «ការរស់នៅធម្មតា តាមបែបគន្លងថ្មី» ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាតសុវត្ថិភាព សង្គម គម្លាតសុវត្ថិភាពបុគ្គល រក្សាអនាម័យជាប្រចាំដោយលាង ដៃនឹងសាប៊ូ ឬ អាល់កុល និងសូមលើកទឹកចិត្តឱ្យបងប្អូន ប្រើម៉ាស់ ឬក្រមា នៅពេលក្អក កណ្តាស់ ចៀងវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់ ដើម្បីការ ពារការឆ្លងជំងឺផ្សេងៗ ដូចជាផ្តាសាយធំ ជំងឺរបេង -ល- និងប្រុងប្រយ័ត្នការទទួលទានគ្រឿងស្រវឹង ការជក់បារី និងទទួលទានអាហារមួយចំនួនដែលមានហានិភ័យដល់សុខភាព។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសារដែលរងគ្រោះធ្ងន់ធ្ងររួមមាន៖ អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង តង់១ ឃីត ១កញ្ចប់ និងថវិកា ១០០,០០០រៀល។
សម្រាប់គ្រួសារដែលរងគ្រោះស្រាលទទួលបាន ៖ អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង និងថវិកាចំនួន ៥០,០០០រៀលផងដែរ៕