កំពង់ស្ពឺ÷ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិរបស់យើងបានធ្វើដំណើរទៅ មុខយ៉ាងសកម្មលើមាគ៌ាដ៏ត្រឹមត្រូវ ដោយសម្រេចបាននូវការការពារអធិបតេយ្យ និងបូរណភាពទឹកដី ការកសាងខឿនការពារជាតិយ៉ាងរឹងមាំ ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការថែរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្រិតជីវ ភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើងជារៀងរាល់ឆ្នាំគួរឱ្យកត់សម្គាល់។ ឯកឧត្តម ថេង ចន្ទសង្វា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បែបនៅពេលដែល ឯកឧត្តម បានអញ្ជើញជាធិបតីភាពក្នុងពិធី បើកវគ្គផ្សព្វផ្សាយច្បាប់ស្ដីអំពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យឯកជន។
ឯកឧត្តម បានបន្តថា៖ ដោយឡែកក្នុងវិស័យសំណង់ ទុនវិនិយោគមានកំណើនជាទៀងទាត់និងនៅតែ បន្តរីកចម្រើន ជាលំដាប់ ជាពិសេសការសាងសង់សំណង់ធំៗខ្ពស់ៗដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ សំណង់ ទីក្រុងរណប បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង ស្ថានីយ ប្រេងឥន្ធនៈ។ល។ ទន្ទឹមនឹងសន្ទុះនៃការរីកចម្រើន របស់វិស័យ សំណង់ តម្រូវការនៃការ ពង្រឹង ការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការ ក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធ នឹងការងារ សំណង់កាន់តែមានភាពចាំបាច់ជាសារវន្ត។
សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមានការចូលរួមផ្តល់មតិយោបល់និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។ ដើម្បីធានាឱ្យមានសង្គតភាពជាមួយច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីព្រាងច្បាប់ត្រូវបានដាក់ឆ្លងកិច្ចប្រជុំបច្ចេកទេសនិងកិច្ចប្រជុំអន្តរក្រសួង អនុញ្ញាតឱ្យមានការពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ពីបណ្តាក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល។ ក្រោយការពនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិច្បាប់ស្តីពីសំណង់ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ច្បាប់ស្តីពីសំណង់មាន២២ជំពូក និង១១១មាត្រា និងគោលបំណងធានា៖ ១)គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិនិងសុខុមាលភាព របស់ម្ចាស់ សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ២)សោភណភាពនិង បរិស្ថាន ល្អសម្រាប់ ការរស់នៅប្រកបដោយចីរភាព សំដៅលើកកំពស់សុខុមាលភាពសាធារណៈ ៣)គណនេយ្យភាពនិងប្រសិទ្ធភាពក្នុងការប្រកបការងារនិងប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ និង ៤)បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចសង្គម។
គួរបញ្ជាក់ថាក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់នោះដែរក៏វត្តមាន៖ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តអញ្ជើញជាធិបតីភាព ស្ដីពីវគ្គផ្សព្វផ្សាយច្បាប់ស្ដីអំពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យឯកជន សមាសភាពចូលរួមប្រមាណជា ២៥៤ នាក់ ពិធីនេះប្រារព្ធធ្វើ ឡើងនៅអគារប្រជុំសាលាខេត្តខាងជើង ថ្ងៃទី ២៦ ខែកុម្ភ: ឆ្នាំ ២០២០។