កំពង់ស្ពឺ៖នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅ អនុវត្តការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ក្រុមប្រឹក្សាខេត្ត ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អង្គនាយករង អគ្គាធិការរង ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និង មន្ត្រីរាជការជាច្រើនរូបផងដែរ។
ក្នុងពិធីនេះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអានរបាយការណ៍សង្ខេបស្តីពី លទ្ធផលនៃដំណើរការសន្និបាត និងបញ្ហាប្រឈម នានា ក្នុងអង្គសន្និបាត ព្រមទាំងបានស្តាប់សេចក្តីព្រាង នៃរបាយការណ៍បូកសរុបលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងមានបទអន្តរាគមន៍ចំនួន២ ពីស្នងការនគរបាលខេត្តកំពង់ស្ពឺ និងស្រុកភ្នំស្រួច។ ជាមួយគ្នានោះ អង្គសន្និបាត បានពិភាក្សា រកដំណោះស្រាយ សំណូមពរលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធិភាព ក្នុងការពង្រឹង និងអនុវត្តទិសដៅ ភារកិច្ចរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២០ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ថ្លែងក្នុងឱកាសបិទសន្និបាតឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើកឡើងថា សន្និបាតរដ្ឋបាលខេត្តកំពង់ស្ពឺ មិនគ្រាន់តែឆ្លុះបញ្ចាំងនៅសមិទ្ធផល បញ្ហាប្រឈម និងទិសដៅសម្រាប់តែថ្នាក់ខេត្ត ប៉ុណ្ណោះទេ បានទាំងការបូកសរុបវាយតម្លៃ តាមវិស័យនានាក្នុងខេត្តទាំងមូល។ឯកឧត្តមបានថ្លែងទៀតថា ឆ្លងតាមរយៈអង្គសន្និបាត ឯកឧត្តមបានសំណូមពរគ្រប់គណៈបញ្ជាការឯកភាព បន្តលុបបំបាត់នូវរាល់បទល្មើស គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងអនុវត្តឱ្យខានតែបាន គោលនយោបាយភូមិឃុំមានសុវត្ថិភាព រដ្ឋបាលខេត្ត ស្រុក ក្រុង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ត្រូវតាំងចិត្ត និងខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ ស្របតាមគោលការណ៍ច្បាប់របស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។