កំពង់ស្ពឺ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តធុតង្គវិបស្សនា ស្រែខ្ពស់ ស្ថិតនៅក្នុងភូមិពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន ស.ស.យ.ក កាកបាទក្រហម តាជី ដូនជី និងបង ប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ៦៥០ អង្គ នាក់។
លោក មួង ធី អភិបាលស្រុកឱរ៉ាល់ មានមតិស្វាគមន៍ និងរាយការណ៍ពីព្រះវិហារនេះមានទំហំ 8 ម៉ែត្រ គុណ 18 ម៉ែត្រ បានចាប់ផ្ដើមកសាងក្នុងឆ្នាំ 2015 ដោយមានការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងថ្នាក់ដឹកនាំក្នុងស្រុកទាំងមូល ព្រះគ្រូចៅអធិការបន្តបន្ទាប់ចំនួន 3អង្គ ពិសេសបានការជួយឧបត្ថម្ភគាំទ្រពីឧបាសិកា គឹម ស៊ីមឿន សប្បុរសជនរស់នៅភ្នំពេញ និងសប្បុរជនមួយចំនួនទៀតរហូតដល់ខែមករាឆ្នាំ ២០២០ នេះ ទើបសម្រេចហើយជាស្ថាពរ ចំពោះថវិកាចំណែកកសាងព្រះវិហារនេះសរុបចំនួន 178,150 $ ព្រះវិហារដែលយើងធ្វើពីសម្ភោធ នឹងកាត់ឫសសីមាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះទុកសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ សម្រាប់ធ្វើបុណ្យទាន និងជាទីសំរាប់អភិរក្សធនធានធម្មជាតិផងដែរ ។
មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានធ្វើការអបអរសាទរនូវសមិទ្ធផលទាំងនេះ ដែលកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសធម៌ ឧបាសិកា គឹម ស៊ីនឿន សប្បុរសជនរស់នៅភ្នំពេញ រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការកសាងនូវសមិទ្ធផលក្នុងទីវត្តធុតង្គវិបស្សនាស្រែខ្ពស់ ក្នុងការបម្រើដល់វិស័យព្រះពុទ្ធសាសនា ។ ឯកឧត្តមបានគូសបញ្ជាក់ថា ផ្តើមចេញពីការ អនុវត្តគោលនយោបាយឈ្នះៗ ក្រោម ការ ដឹកនាំដ៏ ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល កម្ពុជា ដែល មាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដឹក នាំ ប្រក ប ដោយគតិបណ្ឌិត បាននាំមកនូវសន្តិភាព ស្ថិរភាព និង ការ អភិវឌ្ឍ លើ គ្រប់ វិស័ យ ទូទាំ ង ប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ ។