កំពង់ស្ពឺ៖ ព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ឧកញ៉ា កត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព អបអសាទរ ក្នុងពិធីបុណ្យកាត់ឫសសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះខែថ្មី ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន ស.ស.យ.ក កាកបាទក្រហម តាជី ដូនជី និងបង ប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ១២០០ អង្គ នាក់។
បើយោងតាមរបាយការណ៍របស់លោក ឈឺន សុធន់ អភិបាលស្រុកបសេដ្ឋ បានឲ្យដឹងថា ព្រះវិហារនេះមានបណ្តោយប្រវែង ១២ម៉ែត្រ x ២១ម៉ែត្រ ចំណាយអស់ទឹកប្រាក់សរុបចំនួន 375,000 $ ។
ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានអបអរសាទ និងថ្លែងអំណរគុណរចំពោះ លោកជំទាវ ឧកញ៉ា កត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ចូលរួមចំណែកក៍សាងព្រះវិហារ និងសមិទ្ធផលនានាទាំងអស់នៅក្នុងទីអារាមនេះ និងកើតចេញពីការខិតខំ ក្នុងការដឹកនាំពីសំណាក់ព្រះចៅអធិការ គណៈកម្មាការអាចារ្យវត្ត និងការចូលរួមការបរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លារួមគ្នា កសាងសមិទ្ធផលនានាក្នុងទីអារាមនេះ។ សមិទ្ធផលទាំងអស់នេះ បង្ហាញអំពីការយកចិត្តទុកដាក់ និងការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។
លើសពីនេះ ឯកឧត្តម បាន ផ្តាំផ្ញើរ ដល់លោកយាយលោកតា សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋត្រូវសម្អាតដៃជាមួយនឹងសាប៊ូ ឬអាកុល មុនពេលញ៉ាំអាហារ ឬបន្ទោរបង់រួច ដើម្បីទប់ស្កាត់ពីជំងឺផ្សេងៗ ហើយសូមឲ្យសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីឲ្យក្លាយខ្លួនជាទំពាំងស្នងឬស្សី និង
ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ហើយត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ។