កំពង់ស្ពឺ÷ ការខិតខំអភិវឌ្ឍសមត្ថភាព ចំណេះជំនាញរបស់នារី ត្រូវបានលើកកម្ពស់ និងផ្ដល់តួនាទីភារកិច្ចយ៉ាងសាកសមដល់នារី ក្នុងសង្គមកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារីមានប្រសាសន៍បែបនេះ÷ នៅគ្រាដែលលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ភូមិ ឃុំ ស្រុក និងអ្នកគ្រូ ក្របខណ្ឌស្រុកសំរោងទងនាចុងសប្តាហ៍កន្លងទៅនេះ។
លោកជំទាវបានបន្តទៀតថា គ្រប់សម័យកាលទៅហើយដែលគេតែងមើលងាយថាស្ត្រី ជាមនុស្សទន់ខ្សោយ គ្មានកម្លាំងប្រាជ្ញាស្មារតី មិនអាចសម្រេចកិច្ចការធំតូចបាន។ តែផ្ទុយទៅវិញនាសម័យសម្ដេចតេជោសែនវិញ ស្ត្រីជាឆ្អឹងខ្នង នៃសង្គម ដ៏សំខាន់ដែលមិនអាចខ្វះបាន។ ហើយស្ត្រីដើរតួនាទីយ៉ាងសំខាន់ និងមានតួនាទី ភារកិច្ចនៅក្នុងរាជរដ្ឋាភិបាលដូចបុរសដែរ។ ដែលបានបំរើការងារតាមការិយាល័យ មន្ទីរ ក្រសួង ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា។ ហើយបើនៅក្នុងសង្គមគ្រួសារវិញ ស្ត្រីជាមាតាដៃ ១០០ មើលការខុសត្រូវក្នុងអប់រំណែនាំ កូនចៅ និងផ្គត់ផ្គង់គ្រប់បែបយ៉ាងទាំងស្វាមី និងមនុស្សក្នុងគ្រួសារផងដែរ។
គួរបញ្ជាក់ផងដែរថាសាលប្រជុំគណបក្សខេត្តកំពង់ស្ពឺលោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារចុះស្រុកសំរោងទង អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនាខួបលើកទី ១០៩ ឆ្នាំ ២០២០ ក្រោមប្រធានបទ"មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" ថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ ដោយមានសមាសភាពចូលរួមប្រមាណជា៩៩៦នាក់ ជាថ្នាក់នាំភូមិ ឃុំ ស្រុក គ្រូបឋម អនុ និងវិទ្យាល័យ កងកម្លាំងទាំង៣ ក្របខណ្ឌស្រុកសំរោងទង។