កំពង់ស្ពឺ÷ លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីសមាគមចុះសាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងចែកជូនសាប៊ូលាងដៃ ដល់សាលារៀននានា ក្នុងទីរួមខេត្តកំពង់ស្ពឺ។
ក្នុងពិធីសំណេះសំណាលលោកជំទាវ ឡុង បូណារ៉េត អភិបាលរងខេត្ត ប្រធានសមាគមនារីកម្ពុជាខេត្តមានប្រសាសន៍ថា÷ សូមឲ្យក្មួយៗជាសិស្សានុសិស្ស ត្រូវថែទាំសុខភាពឱ្យបានល្អ មិនត្រូវបរិភោគអាហារ គ្មានអនាម័យ ដែលមានរុយរោម ឬធូលីដីហុយចូល អាហារគ្មានប្រភព និងកាលបរិច្ឆេតច្បាស់លាស់។
សូមឱ្យក្មួយៗលាងដៃ នឹងសាប៊ូឱ្យបានញឹកញាប់ ដើម្បីកម្ចាត់មេរោគ ឬក៏ធូលីដែលជាប់នឹងដៃ ហើយក្មួយៗមិនត្រូវយកដៃដែលកខ្វក់ ទៅប៉ះភ្នែក មាត់ ច្រមុះ កាលណាក្មួយយកដៃកខ្វក់ទៅប៉ះភ្នែក ច្រមុះ ឬមាត់បណ្ដាលឲ្យមានមេរោគ ដែលទុំជាប់ដៃ នោះអាចចម្លងចូលទៅក្នុងខ្លួនរបស់ក្មួយៗ បណ្ដាលឱ្យមានអាការឈឺចុកពោះ រាគរុះក្អួតចង្អោរជាដើម។
ហើយម្យ៉ាងទៀតបើធ្វើអនាម័យលាងដៃ បានល្អជាប្រចាំក្មួយៗជាផុតអំពីជំងឺឆ្លងផ្សេងៗពិសេសជំងឺថ្មី Covid-19 តែម្ដង។