កំពង់ស្ពឺ÷ ឯកឧត្តម គីម វីរ: ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សូ សុជាតិ តំណាងកម្មវិធីស្បៀងអាហារពិភពលោក អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាបូកសរុបការងារប្រមូលព័ត៌មានហានិភ័យគ្រោះមហន្តរាយ និងសេចក្តីព្រាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ក្រោមជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងក្រុង ស្រុកទាំង ៨ តំណាងឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត សមាសភាពចូលរួមសរុប៤១នាក់។ថ្ងៃចន្ទ ថៃ្ងអង្គារ ៨-៩ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ កំពង់ស្ពឺថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ ២០២០។
ឯកឧត្តម គីម វីរ: មានប្រសាសន៍ថា÷ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីស្បៀងអាហារសហប្រជាជាតិ បានចុះកិច្ចព្រមព្រៀងដៃគូ ដើម្បីអនុវត្តសកម្មភាពរួម សម្រាប់ការគ្រប់គ្រងវិបត្តិនឹងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ ឆ្នាំពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ គម្រោងកម្មវិធីមួយចំនួននឹងត្រូវបានរៀបចំបង្កើត ព្រមទាំងអនុវត្តនៅក្រោមកិច្ចព្រមព្រៀង ភាពជាដៃគូនេះទាំងនៅថ្នាក់ជាតិ ដែលជាខេត្តគោលដៅចំនួន ៤ ត្រូវបានជ្រើសរើស ដើម្បីអនុវត្តកម្មវិធី គឺមានខេត្តកំពង់ធំ មានចំនួន ៣ ស្រុក ខេត្តកំពង់ឆ្នាំង មានចំនួន ២ ស្រុក ខេត្តពោធិ៍សាត់ មានចំនួន ២ ស្រុក និងខេត្តកំពង់ស្ពឺ មានចំនួន ៣ ស្រុក សរុបទាំងអស់មានចំនួន ១០ ស្រុក នៅក្នុងខេត្តគោលដៅទាំងបួន។
ឯកឧត្តមបានបន្តទៀតថា÷ ការតម្រង់ទិសដល់មន្ត្រីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត មានតួនាទីយ៉ាងសំខាន់ អំពីវិធីសាស្រ្ត និងឧបករណ៍បច្ចេកទេសព្រមទាំងដំណើរការ ក្នុងការប៉ាន់ប្រមាណពីហានិភ័យគ្រោះមហន្តរាយ តាមដានសមត្ថកិច្ចរៀងៗខ្លួន ដែលព័ត៌មានទទួលបានពីការប៉ាន់ប្រមាណនេះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ធ្វើបច្ចុប្បន្នកម្ម ផែនការត្រៀមបម្រុងគ្រោះមហន្តរាយផងដែរ៕