កំពង់ស្ពឺ÷ រសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ស្ពឺ មានពិធីទទួលអាកុលចំនួន ១៥៤០ ដប និងម៉ាក់ចំនួន ៧០០០ ម៉ាក សម្រាប់បែងចែកដល់មន្ត្រីរាជការតាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកំលាំងទាំងបី និងក្រុងស្រុកទាំង ៨ ដើម្បីឲ្យមន្ត្រីរាជការទាំងអស់នោះបានយកទៅលាងដៃសម្អាតជាមួយអាកុល មុនចូលបំពេញការងារ រាជការ និងមានម៉ាសពាក់សម្រាប់ពាក់ការពារធូលីដី និងការពារជំងឺរលាកដង្ហើមថ្មីកូវីដ ១៩ ដែលពិភពលោកកំពុងព្រួយបារម្ភ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា÷ ឯកឧត្តម សូមថ្លែងកោតសរសើរចំពោះអ្នកវិនិយោគទុនទាំងអស់ ដែលបានខិតខំចំណាយទ្រព្យធនផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃជាមួយរដ្ឋបាលខេត្ត ពិសេសជឿននិងទុកចិត្ត ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តមសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្តសូមបន្តគាំទ្រ និងទុកចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិពិសេសខេត្តកំពង់ស្ពឺ ឲ្យកាន់តែមានភាពរីកចំរើន និងជីវភាពប្រជាជនកាន់តែធូរធារបន្ថែមទៀត។