កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺបានឧបត្ថម្ភនូវសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម វ៉ី សំណាងអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលបានឧបត្ថម្ភជាសម្ភារៈដល់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាខេត្តកំពង់ស្ពឺមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ ប៉ុន្តែរដ្ឋបាលខេត្ត គឺនៅតែបន្តយកចិត្តទុដាក់បំផុត ពង្រឹងការអនុវត្តទាំងវិធានការការពារ និងវិធានការផ្សព្វផ្សាយអប់រំណែនាំដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺនេះ ហើយក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តកំពង់ស្ពឺ កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ អំណោយនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថា ជែល ឬអាល់កុល នាពេលបច្ចុប្បន្ន ប្រៀបបានជាអាវុធការពារខ្លួនសម្រាប់គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ទាំងអស់តែម្ដង ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងថា អំណោយដែលបានប្រគល់នាពេលនេះគឺបានមកពីការគៀងគររបស់សប្បុរសជន ជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីត១៩ និងដើម្បីជួយរំលែង ការលំបាក ខ្វះខាត សម្រាប់ប្រជាពលរដ្ឋផង និងអ្នកដែលចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងកូវីត១៩ផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់អំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ នឹងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លង កូវីដ១៩ដែលជាជំងឺរាតត្បាតជាសកល។
អំណោយ ដែលបាន ប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ រួមមាន៖ ឧបករណ៍វាស់កំដៅចំនួន៦០គ្រឿង ម៉ាស់ការពារ២០.០០០ ម៉ាស់ ទឹកអាកុលលាងដៃ ៥៥០លីត្រ សាប៊ូដុំ ២៣៥កេស ជែលលាងដៃ ២២៥ដប និង ភេសជ្ជៈ ៤០០កេស ៕