កំពង់ស្ពឺ÷ ការចូលរួមបរិច្ចាតិចក្តី ច្រើនក្តី ជាទឹកចិត្តមនុស្សធម៌ពីសំណាក់សប្បុរសជន ជាតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ក្រុមអាជីវករ គ្រប់មជ្ឈដ្ឋាន នៅក្នុងខេត្ត ជាការរួមចំណែកជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម។ ឯកឧត្តម វ៉ី សំណាងអភិបាលខេត្តមានប្រសាសន៍បែបនេះ នៅពេលដែលឯកឧត្តមបានទទួលទឹកអេកាណុលចំណុះ ៥០០០ លីត្រ ពីក្រុមហ៊ុន cj cambodia co ltd ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង Covid-19 នាព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០។
ឯកឧត្តមបានបន្តទៀតថា÷ កាយវិការទាំងនេះបានបង្ហាញអំពីសាមគ្គីភាព ព្រមទាំងបានបង្ហាញអំពីទឹកចិត្តមនុស្សធម៌ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់តាមវិធីគ្រប់បែបយ៉ាង ដើម្បីឲ្យប្រជាជនចាកផុត អំពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ។
ក្នុងពិធីប្រគល់ទទួលនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន cj cambodia co., ltd ដែលបានផ្ដល់ទឹកអេតាណុលចំណុះ ៥០០០ លីត្រ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំង Covid-19។ ជាមួយគ្នានេះផងដែរឯកឧត្តម បានអំពាវនាវដល់សប្បុរសជនដទៃទៀត សូមបន្តចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភគាំទ្រ ជាសម្ភារៈថវិកា ដល់គណៈកម្មាធិការប្រយុទ្ធជំងឺ Covid-19 ខេត្ត ដើម្បីមានលទ្ធភាពជួយដល់ប្រជាជនណាដែលផ្ទុកវីរុសCovid-19នេះផងដែរ៕