កំពង់ស្ពឺ÷ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យមន្ត្រីនិងវឌ្ឍនភាពការងាររបស់ខ្លួន អំពីដែនសមត្ថកិច្ច ត្រូវធ្វើ និងអ្វីមិនគួរធ្វើ ដើម្បីជៀសវាងបង្ក ឬផលលំបាកដល់រដ្ឋបាលខេត្ត ដែលបង្កឡើង ពីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់មុខមាត់ខេត្ត ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិតនិង ឈ្លៀសវៃ។ ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍នៅមុខតំណាងមន្ទីបរិស្ថាន សុរិយោដី ធនធានទឹក កសិកម្ម វប្បធម៌ តំណាងកងកម្លាំងទាំងបី តំណាងស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ក្នុងអាគារប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ។
មន្ទីរបរិស្ថាន ត្រូវពិនិត្យមើលមន្ត្រីអភិរក្សទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវពិនិត្យមើលការដឹកជញ្ជូនអនុផលព្រៃឈើ ថាតើកើតនៅក្នុងដែនជម្រកខេត្តដែលខ្លួនកំពុងគ្រប់គ្រង ឬឆ្លងកាត់ពីខេត្តនានា ដែលជាប់ព្រំប្រទល់ខេត្តរបស់យើង។ ហាមលេចឮការរិះគន់អំពីការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ដែលបណ្ដាលឲ្យខូចផ្លូវ ហើយធ្វើឲ្យមានមតិមហាជនរិះគន់ដល់រដ្ឋបាលខេត្ត។ ហើយតាមមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអនុវត្តការងារ ដែលបានដាស់តឿនក្រើនរំលឹកនាថ្ងៃនេះ។ ហើយត្រូវអនុវត្តឲ្យបាន ជាដាច់ខាត ដោយឯកឧត្តម មិនចង់ឮពាក្យថាដោះដូរថ្នាក់ដឹកនាំ ឬមន្ត្រី ដោយបង្ខំឲ្យបញ្ចប់តួនាទី មុនពេលកំណត់នោះឡើយ។
សូមបញ្ជាក់ផងដែរថា នៅក្នុងរបាយការណ៍សង្ខេបអំពីវឌ្ឍន៍ភាពនៃការចុះបញ្ជីដីរដ្ឋ នៅក្នុងខេត្តកំពង់ស្ពឺ ដោយខេត្ត មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមានចំនួន ២៧ ក្រុមហ៊ុន ស្មើនឹង ២៩ទីតាំង ក្នុងនោះមានក្រុមហ៊ុនដែលបានចុះបញ្ជីរួច, ក្រុមហ៊ុនដែលរដ្ឋ បានដកហូត និងក្រុមហ៊ុន ដែលមិនទាន់បានចុះបញ្ជី ដែលស្ថិតនៅក្នុងអាណត្តិកាន់កាប់របស់ក្រសួងកសិកម្ម មានចំនួន ២០ ក្រុមហ៊ុន នឹងស្មើនឹង ២១ ទីតាំង ស្ថិតនៅក្នុងអាណត្តិកាន់កាប់របស់ក្រសួងបរិស្ថានមានចំនួន ៧ ក្រុមហ៊ុនស្មើនឹង ៨ ទីតាំង៕