កំពង់ស្ពឺ÷ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាការចូលរួមចំណែកយ៉ាងសំខាន់របស់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទលើផ្លូវសាធារណៈ ដោយមិនប្រមាថអាយុជីវិត អ្នករួមដំណើរ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវសាធារណៈដទៃទៀតផង។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍បែបនេះគ្រា ឯកឧត្តមបានជួបសម្រាប់សំណាល និងបំពាក់មួកសុវត្ថិភាពដល់មន្ត្រីរាជការសាលាខេត្តនាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថាតាមរយៈការផ្សព្វផ្សាយបណ្ដាញសង្គម និងប្រព័ន្ធផ្សេងៗទៀត ដើម្បីឲ្យអ្នកបើកបររថយន្តគ្រប់ប្រភេទភេទ ដែលកំពុងប្រើប្រាស់ផ្លូវសាធារណៈ ត្រូវមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត ដោយអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានមួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ពេលបញ្ជាយានយន្ត។ ហើយយានយន្តគ្រប់ប្រភេទ ត្រូវបំពាក់គ្រឿងសម្ភារៈបច្ចេកទេស ទៅតាមប្រភេទយានយន្តនីមួយៗ ហើយត្រូវគោរពច្បាប់ចរាចរណ៍ គោរពស្លាក សញ្ញាភ្លើងសញ្ញា គំនូសសញ្ញា មិនត្រូវវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ។