កំពង់ស្ពឺ÷ ក្រៅពីការងារការពារជាតិអង្គភាពក៏បានពង្រឹងកម្លាំងស្នូលព្រមទាំងអភិវឌ្ឍអង្គភាព។ យោធភូមិទី៣ និងតំបន់ប្រតិបត្តិការសឹករងខេត្ត បរិច្ចាកថាវិការបស់អង្គភាពដល់សាខាកាកបាទក្រហម ដើម្បីចូលរួមក្នុងវិស័យមនុស្សធម៌នូវទឹកប្រាក់ ១៦,៣៨៧,០០០ រៀល។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមមានប្រសាសន៍បែបនោះគ្រាដែល ឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលថវិកា នារសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០។
ឯកឧត្តម វ៉ី សំណាងមានប្រសាសន៍បន្តថា÷ រាល់សម្ភារៈ និងថវិកា ដែលសាខាកាកបាទក្រហមទទួលបាន តែងតែយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងនោះមាន មនុស្សចាស់ឥតទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយទុរគតជន និងអ្នកគ្រោះថ្នាក់ផ្សេងៗទៀត ស្របតាមគោលការណ៍គ្រឹះ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា។ សម្ដេច តែងតែដាស់តឿនក្រើនរំលឹកដល់សាខា ទាំងអស់ត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋណា ខ្វះខាតស្បៀងអាហារ គ្រប់ច្រកល្ហកដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ។
ក្នុងពិធីប្រគល់ទទួលនោះដែរ ឯកឧត្តម បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត បន្តបរិច្ចាគទាំងសម្ភារៈ ថវិកា ដល់សាខាកាកបាទក្រហម ដើម្បីសាខាមានលទ្ធភាពបន្តជួយឧបត្ថម្ភគាំទ្រដល់ជនងាយរងគ្រោះផ្សេងៗទៀត នៅក្នុងខេត្តកំពង់ស្ពឺផងដែរ។