កំពង់ស្ពឺ÷ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ លោក ម៉ាង ណាន ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដីស្រុកឧដ្ដុង្គ តំណាងឲ្យអាជ្ញាធរស្រុក ខេត្ត បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ឃ្លាំងសព្វាវុធកា៨៦ នៃក្រសួងការពារជាតិ ដែលមានទំហំដីជាង ១០០ ហិកតាស្ថិតនៅក្នុងភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ តាមការគូសបញ្ជាក់ពី លោក ម៉ាង ណាន ប្រធានភូមិបាលស្រុកបានបញ្ជាក់ឲ្យដឹងថា÷ មន្ត្រីជំនាញរបស់លោកបានខិតខំធ្វើ និងកំណត់ព្រំដីឲ្យបានយ៉ាងច្បាស់លាស់ ហើយវាជាជំនាញ និងកាតព្វកិច្ចរបស់មន្ត្រីរបស់លោក ដើម្បីបង្ហាញថាអចលនវត្ថុនេះ ជាកម្មសិទ្ធិរបស់រដ្ឋ គ្មាននរណាអាចបំភ្លៃ បំប៉ោង ឬទន្ទ្រានយកដីទាំងអស់នោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ។ ហើយប័ណ្ណបញ្ជាក់ព្រំដីទាំងអស់នេះ គឺកាត់បន្ថយបាននូវជំលោះពីគ្រប់មជ្ឈដ្ឋានដែលប៉ុនប៉ងទន្ទ្រានចង់កាន់កាប់យកទ្រព្យសម្បត្តិរដ្ឋ ធ្វើជាកម្មសិទ្ធិបុគ្គលជាដើម។
តំណាងអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសសព្វាវុធកា ៨៦ បានបញ្ជាក់ថា÷ ក្នុងនាមតំណាងនាយកដ្ឋាន តំណាងថ្នាក់ដឹកនាំអង្គភាព តំណាងនាយ នាយទាហាន ពលទាហាន ទាំងអស់សូមសំដែងនូវចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងមានទំនាក់ទំនងល្អ រវាងកងកម្លាំងទ័ពជួរមុខ និងមន្ត្រី នៃមន្ទីរ អង្គភាពជំនាញស៊ីវិល និងរឹងរឹតតែបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ បន្ថែមទៀតរវាងកងកម្លាំង និងអង្គភាពស៊ីវិល។