កំពង់ស្ពឺ÷សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមការពារខ្លួនពីជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺផ្សេងៗទៀត ដែលបង្កពីសត្វមូសដែកគោល និងមូសខ្លាញីខាំ បងប្អូន កូនក្មួយទាំងអស់ពេលថ្ងៃត្រូវពាក់ខោអាវដៃវែង ជើងវែង ហើយពេលយប់ត្រូវសម្រាកក្នុងមុងឲ្យអោយបានគ្រប់គ្នា។
ឯកឧត្តមវ៉ីសំណាងអភិបាលខេត្តមានប្រសាសន៍ផ្ដាំផ្ញើបែបនេះពេល ឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីចែកមុងជ្រលក់ថ្នាំ របស់មន្ទីរសុខាភិបាលដល់ប្រជាពលរដ្ឋចំនួន 783 នាក់ និង 199 គ្រួសារនៅបរិវេណវត្តអង្គនាល ឃុំស្វាយចចឹប ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០
ឯកឧត្តមបានបន្តថាផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់នៅដើមរដូវវស្សាចូលរួមចាក់ដីបំពេញក្រឡុកទឹកដក់នៅជុំវិញផ្ទះ កាប់បំផ្លាញជម្រកមូសកប់សំបកកង់ សំបកកំប៉ុងចាស់ៗ សំបកដូង ឬវត្ថុអ្វីផ្សេងទៀតដែលអាចដក់ទឹកបានជាជម្រកកន្លែងមូសពង និងញាស់កូន រួចហើយមកខាំកូនចៅរបស់យើងដែលបង្កឲ្យមានជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗទៀតដែលបង្កឱ្យអ្នកជម្ងឺបាត់បង់កោសិកា ឬកាយសម្បទាមិនរឹងមាំល្អ ព្រមទាំងធ្វើឲ្យប៉ះពាល់ជីវភាពគ្រួសារ និងការអភិវឌ្ឍន៍សង្គមជាតិ ដូច្នេះសូមឱ្យបងប្អូនពុកម៉ែ កូនក្មួយទាំងអស់ត្រូវចូលរួមការពារខ្លួនពីជំងឺគ្រុនចាញ់ គ្រុនឈាម ជុំវិញបរិវេណភូមិដ្ឋាន ត្រូវបោសសម្អាតឱ្យបានល្អជាប្រចាំ។
ចំពោះជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ19 វិញ ពុកម៉ែបងប្អូនត្រូវចូលការពារខ្លួនតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាដាច់ខាតដើម្បីកុំឲ្យជំងឺដ៏កាចសាហាវមួយនេះកើតឡើងក្នុងគ្រួសារ ក្នុងភូមិ ក្នុងឃុំ ក្នុងស្រុក ខេត្ត របស់យើងផងដែរ ៕