កំពង់ស្ពឺ÷ ព្រឹកថ្ងៃទី 05 ខែកក្កដា ឆ្នាំ 2020 នៅវត្តកលព្រឹក្ស (ហៅវត្តជង្រុក) ឋិតនៅក្នុងឃុំជង្រុក ស្រុកគងពិសី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងលោកជំទាវ បានបូជាទៀន ធូប ចំពោះព្រះពុទ្ធរូប និងសូត្រមន្តបង្សុកូល ជូនអ្នកដែលមានគុណមាន មាតា បិតា និងញាតិកាទាំង 7 សន្តាន ព្រមទាំងវេរប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃតំណាងវត្តចំនួន 13 វត្តនៅក្នុងស្រុកគងពិសី។ បច្ច័យបានមកពីការរួមចំណែកពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត បានប្រគេនដល់វត្តនីមួយៗ ទទួលបាននូវទៀនចំណាំព្រះវស្សា- អង្ករ-មី-ទឹក-ទឹកត្រី-ទឹកស៊ីអ៊ីវ- ត្រីខ-ទឹកក្រូច-ទឹកសុទ្ធ-ស្ករស-ថវិកាចំនួន 440.000 រៀល និងប្រគេនព្រះសង្ឃ ចំនួន19 អង្គ ក្នុងអង្គនីមួយៗ មានស្លាដក់ ថវិកាចំនួន 6 ម៉ឺនរៀល។
ក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សានោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តមានប្រសាសន៍ថា÷ មានសុខសន្តិភាព គឺធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ ដូច្នេះយើងជាកងកម្លាំងទាំងបី-ជាអាជ្ញាធរ-ជាមន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវខិតខំថែរក្សាសន្តិភាព ដែលរកបានដោយកម្រ ឱ្យខានតែបានទោះក្នុងកាលៈទេសៈណាក៏ដោយ។
មានសុខសន្តិភាព ទើបធ្វើឱ្យយើងរាល់រូប មានឱកាសរកស៊ីទទួលទាន និងធ្វើឱ្យក្រុមគ្រួសារ មានជីវភាពធូរធារ មានឱកាសធ្វើបុណ្យធ្វើទាន ដើរហើយកំសាន្តដោយសេរី និងទទួលបានសិទ្ធិស្មើៗគ្នា។
ឯកឧត្តមបានបន្តទៀតថា÷ សូមឲ្យពុក ម៉ែ មា មីង បង ប្អូនកូនក្មួយទាំងអស់ ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក-ត្រូវនៅឲ្យឆ្ងាយអំពីគ្រឿងញៀន នឹងត្រូវចូលរួមទប់ស្កាត់ និងការពារខ្លួនពីជំងឺកូវីដ-19 តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕