ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្ត សុខភា អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំ ”ត្រួតពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ ២០២០-២០២៤ ខេត្តកំពង់ស្ពឺ ” ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុកទាំង៨ និងនាយកទីចាត់ការទាំងអស់របស់សាលាខេត្ត។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីឲ្យក្រុមការងារកសាងផែនការខេត្តបានចូលរួមត្រួតពិនិត្យ ផ្តល់យោបល់ និងធ្វើបច្ចុប្បន្នភាពលើខ្លឹមសារលើការរៀបចំចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្ត ដែលជាតម្រួវការចាំបាច់សម្រាប់ជំនួយវិនិយោគ ជាទុន និងជាបច្ចេកទេស លើគម្រោងសកម្មភាពអាទិភាពលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ ២០២០-២០២៤ ដើម្បីបង្ហាញពីសក្តានុពលអាទិភាពនានារបស់ខេត្ត ឆ្លើយតបទៅ នឹងតម្រូវការយ៉ាងពិតប្រាកដនាបច្ចុប្បន្ន និងអនាគត ស្របតាមគោលការណ៍ណែនាំ ផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត និងគោលនយោបាយនានា ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ព្រមទាំងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។