ដើម្បីជាការលើកទឹកចិត្ត សិក្សាស្វែងយល់ និងរួមសហការគាំទ្រដល់សង្វាក់ផលិតកម្មក្នុងស្រុក ដែលជាការលើកទឹកចិត្តដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ បានដឹកនាំប្រតិភូក្រសួង អញ្ជើញចុះពិនិត្យជាក់ស្តែងពីសង្វាក់ផលិតកម្ម នៃការផលិតទុយោទឹករបស់ក្រុមហ៊ុន TCU Polys Enterprise Co.,Ltd ដែលមានទីតាំងនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការអមដំណើរពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ។
ក្នុងដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូត្រូវបានទទួលស្វាគមន៌យ៉ាងកក់ក្តៅពីលោក Peng Ting Gang ប្រធានក្រុមហ៊ុន TCU Polys Enterprise Co.,Ltd និងលោកបណ្ឌិត Cai Yunlong នាយកក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Ltd និងសហការី ដែលជាក្រុមហ៊ុនពីរសហការគ្នាផ្នែកផលិតឧបករណ៌សម្ភារៈ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតនៅកម្ពុជា ។
តាមបទឧទ្ទេសនាមដោយមន្ត្រីបច្ចេកទេសរបស់ក្រុមហ៊ុន បានបញ្ជាក់ថា៖ ក្រុមហ៊ុន TCU Polys Enterprise Co.,Ltd ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០១៦ ដែលមានដើមទុនវិនិយោគលើទឹកប្រាក់ចំនួន១០ លានដុល្លារសហរដ្ឋអាមេរិក ។ ឆ្លងកាត់ការរៀបចំទុកដាក់ និងខិតខំប្រឹងប្រែងឥតឈប់ឈរក្រុមហ៊ុនបានក្លាយជាសហគ្រាសផលិត និងស្រាវជ្រាវបំពង់ទឹកស្អាត សម្រាប់បរិភោគ ទឹកប្រឆាំងបាក់តេរី NANO PP-R , បំពង់ទឹកតភ្ជាប់,បំពង់ទឹកសម្រាប់បរិភោគ PE ,បំពង់បង្ហូរទឹក PVC-U ,បំពង់ថាមពល CPVC និងបំពង់ទុយោទឹកស្អាត HDPE ជាដើម ។ ចាប់តាំងពីកកើតមក ក្រុមហ៊ុនបានផ្គត់ផ្គង់ផលិតផលដែលមានគុណភាព និងសេវាកម្មប្រកបដោយជំនាញបច្ចេកទេសដល់សំណង់ធំៗ គម្រោងបង្ហូរទឹកទីក្រុង និងគម្រោងបង្ហូរទឹករបស់ប្រជាពលរដ្ឋជាដើម ។
បន្ទាប់ពីដំណើរត្រួតពិនិត្យជាក់ស្តែងរួច ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង ឯកឧត្តម បានវាយតម្លៃ និងកោតសរសើរខ្ពស់ ព្រមទាំងចាត់ទុកគម្រោងវិនិយោគនេះ មានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកបំពេញតម្រូវការក្នុងវិស័យទឹកស្អាតនៅកម្ពុជា ។ ព្រោះក្រុមហ៊ុនបានអភិវឌ្ឍន៌ផលិតផលរបស់ខ្លួនឈរលើគុណភាពជាចំបង តាមរយៈការប្រើប្រាស់វត្ថុធាតុដើមសុទ្ធពិតប្រាកដ ដោយមានប្រព័ន្ធត្រួតពិនិត្យគុណភាព និងស្តង់ដារនៃប្រព័ន្ធគ្រប់គ្រងផលិតកម្មបានល្អប្រសើរ តាមរយៈបទបង្ហាញរបស់ខ្លួន ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្ថែមថា៖ ការចុះទស្សនៈកិច្ចនេះ ក្រៅពីសិក្សាស្វែងយល់លើកទឹកចិត្ត យើងក៏បានគិតគូពិនិត្យលទ្ធភាពជួយសហការគាំទ្រ និងជួយតម្រង់ទិសផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន ហើយក៏នឹងបានស្តាប់ពីតម្រូវការ ក៏ដូចជាភាពប្រឈមនានារបស់ក្រុមហ៊ុនផងដែរ ។ ជារួមក្រុមហ៊ុនបានអនុវត្តន៌ ត្រឹមត្រូវតាមក្រិតក្រមច្បាប់របស់កម្ពុជា ។ ដូច្នេះ ក្នុងនាមក្រសួង សូមអបអរសាទរ និងលើកទឹកចិត្តបន្ថែមទៀត ចំពោះផលិតផល កំពុងមានតម្រូវការលើទីផ្សារកម្ពុជាផង ហើយក៏អាចផលិតធ្វើការនាំចេញផងដែរ ។
ចំណុចនេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពតាមរយៈ មុខរបរ ក្នុងការចូលរួមដេញថ្លៃផ្គត់ផ្គង់ឧបករណ៌សម្ភារៈទឹកស្អាត នៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន គឺលោក Peng Ting Gang ដែលបានបង្ហាញ នូវទឹកចិត្ត ចូលរួមដោយរីករាយជាមួយការទទួលខុសត្រូវសង្គម ដោយឯកភាពតាមការស្នើសុំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក្នុងការចូលរួមឧបត្ថម្ភ ជាថវិកា ឬជាសម្ភារៈសម្រាប់ជួយជួសជុលកសាងផ្លូវ ដែលរងការខូចខាតជាអន្លើ ដោយការដឹកផលិតផលចេញ-ចូល ពីក្រុមហ៊ុន TCU ផងដែរ៕