រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កម្មវិធីអប់រំ ផ្សព្វផ្សាយច្បាប់ ស្ដីអំពីចរាចរណ៍ផ្លូវគោក

  • 892
  • ដោយ Admin

កំពង់ស្ពឺ÷ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណ ការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអប់រំ ផ្សព្វផ្សាយច្បាប់ ស្ដីអំពីចរាចរណ៍ផ្លូវគោក និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺដែលបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ដែលធ្វើអោយសហគមន៍ ពុំមានការរីករាលដាល ឬក៏ចម្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ។ ហើយវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាពេលនេះ គឺបានបង្ហាញថារដ្ឋបាលខេត្តកំពង់ស្ពឺ មានការចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ បានយ៉ាងខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ សែននាយករដ្ឋមន្ត្រី ក្រោមទិសស្លោកថា (ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍)។ហើយនេះជាខេត្តទី៩ហើយ ដែលមានវត្តមានគណៈអភិបាលខេត្តចូលរួម។ វត្តមានឯកឧត្តមអភិបាលខេត្តនាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្ម នូវការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់ថ្នាក់ ដឹកនាំតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទូទៅ បានដឹងតាមរយៈការណែនាំ នៅពេលដែលឯកឧត្តមបានអញ្ជើញជាធិបតីភាពនៅក្នុងពិធីជួបប្រជុំ ឬសំណេះសំណាល នៅតាមមូលដ្ឋានក្នុងរយៈពេលកន្លងមក។ លោកជំទាវ មឹន មាណវី មានប្រសាសន៍បែបនេះគ្រាដែលលោកជំទាវ បានអញ្ជើញជាធិបតីភាពក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅមន្ទីរសាធារណការនិងជញ្ជូនខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០។

លោកជំទាវក៏បានបន្តទៀតថា÷ ការវាយតម្លៃ ប្រាក់ដែលបាត់បង់ សម្រាប់ចំណូលក្នុងគ្រួសារនីមួយៗ ប្រសិនបើមានសមាជិកគ្រួសារដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិតនោះ គឺធ្វើឱ្យបាត់បង់ប្រាក់ចំណូលគ្រួសារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើឲ្យជីវភាពគ្រួសារមួយនោះ មានឱនភាពយ៉ាងខ្លាំង ព្រមទាំងប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិ។ ដូច្នេះហើយសូមឱ្យបងប្អូនដែលបានចូលរួមក្នុងកម្មវិធីនេះត្រូវយកទៅផ្សព្វផ្សាយបន្ត នូវច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ ដើម្បីចូលរួមកាត់បន្ថយបាន នូវគ្រោះថ្នាក់ចរាចរណ៍ ស្របតាមទិសដៅដែលរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា÷ គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០២០ ប្រៀបធៀបទៅនឹងឆមាសទី ១ ឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៤ លើកលើ ៨៧ លើក ថយចុះ ៣៣ លើក និងមនុស្សរងគ្រោះថ្នាក់ចំនួន ១៣៣ នាក់ស្រី ៣៨ នាក់លើ ១៨៩ នាក់ ស្រី ៤៤ នាក់ថយចុះ ៥៦នាក់។ មូលហេតុនៃគ្រោះថ្នាក់កើតឡើង គឺបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់មានចំនួន ២៣ ករណីលើ ៣៩ ករណីថយចុះ ១៦ ករណី -បើកវ៉ាជែងគ្រោះថ្នាក់មានចំនួន ១៦ ករណី លើ ២៨ ករណី ថយចុះ ១២ ករណី -បើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពចំនួន ១២ ករណីលើ ១៧ ករណី ថយចុះ ០៥ ករណី-បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងចំនួន ០៣ ករណី លើ ០៣ ករណី។

អត្ថបទទាក់ទង