រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ស្ពឺទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកអំពីបញ្ហាជំងឺកូវីដ-១៩

  • 1.1ពាន់
  • ដោយ Admin

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ខេត្តកំពង់ស្ពឺ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សានេះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមក ទទួលបានជោគជ័យល្អប្រសើរ ។

លោកជំទាវ ក៏បានស្នើអោយអាជ្ញាធរខេត្តនិងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាដើម្បីធ្វើការទប់ស្កាត់ កុំឱ្យកើតមានការឆ្លងជំងឺកូវីដ-១៩ ដែលជារលកទី២ ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ។

ក្រៅអំពីបញ្ហាជំងឺកូវី១៩ នេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានលើកឡើងអំពីវិស័យសុខាភិបាលផ្សេងៗទៀត ពាក់ព័ន្ធទៅនឹងជំងឺគ្រុនឈាម គ្រុនឈឺក និងវិធានការការពារទប់ស្កាត់ជំងឺគ្រុនចាញ់ជាដើមដែលតម្រូវឲ្យមន្ទីរសុខាភិបាលនិងអាជ្ញាធរយកចិត្តទុកដាក់តាមដានជាប្រចាំផងដែរ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមក៏បានថ្លែងនូវការអរគុណចំពោះប្រតិភូ ក្រសួងសុខាភិបាលដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចុះមកបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។

ជាមួយគ្នានេះឯកឧត្តម វ៉ី សំណាង ក៏បានជម្រាបជូនថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក៏បានធ្វើការណែនាំបន្ដដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះតំបន់ទេសចរណ៍ រមណីយដ្ឋាន និងអាហារដ្ឋានជាដើម ។

គួរបញ្ចាក់ថា៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រៀមទីតាំងទីតាំង ៤ កន្លែងសម្រាប់ធ្វើចត្តាឡីស័ក រួមមាន មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ វិទ្យាល័យ​កំពង់ស្ពឺ វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ​កម្ពុជា​-​កូរ៉េ សម្រាប់​ទទួល​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ៕

អត្ថបទទាក់ទង