កំពង់ស្ពឺ៖នារសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តអគារ(ខ) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងថ្លែងអំណរគុណចំពោះកងកម្លាំងទូទាំងខេត្តកំពង់ស្ពឺក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ។ ពិធីផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺទាំង ៦រូប ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងក្នុងខេត្តកំពង់ស្ពឺ។
ក្នុងឱកាសពិធីសំណេះសំណាល និងថ្លែងអំណរគុណនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា ក្រុង ស្រុក ដែលបានរងផលប៉ះពាល់មានចំនួន ៨ លើ ៨ ក្រុង ស្រុក ឃុំ សង្កាត់ ដែលបាន រងផលប៉ះពាល់មានចំនួន ៥៨ លើ ៨៧ ឃុំ សង្កាត់ និងភូមិដែលបានរងផលប៉ះពាល់មានចំនួន ២០៥ លើ ១.៣៧៩ ភូមិ គ្រួសារដែលបានរងគ្រោះផ្ទាល់ដោយទឹកជំនន់មានចំនួន ២.៤២០ គ្រួសារ ក្នុងនោះ៖ គ្រួសារដែលរងគ្រោះធ្ងន់មានចំនួន ២១២ គ្រួសារ (គ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព) គ្រួសារដែលរងគ្រោះមធ្យមមានចំនួន ៥៦១ គ្រួសារ គ្រួសារដែលរងគ្រោះស្រាលមានចំនួន ១.៦៤៧ គ្រួសារ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងទាំងអស់ក្នុងខេត្តកំពង់ស្ពឺដែលបានលះបង់អស់តែកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងថ្លែងអំណរគុណ កោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់បងប្អូនយើងទាំងអស់គ្នា ដែលខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ ក្នុងគ្រោះមហន្តរាយនេះ។
នាឱកាសនោះដែរអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បានឧបត្ថម្ភ ថវិកា ចំនួន ១០.០០០.០០០ ៛ (ដប់លានរៀលគត់) អង្ករ ចំនួន ២៣តោន មី ចំនួន ២០០កេស និងអាវពោងសុវត្ថិភាព ចំនួន ៥០០ អាវ ជូនរដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង តាមបណ្តា ក្រុង-ស្រុកក្នុងខេត្តកំពង់ស្ពឺ ផងដែរ ៕