រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ

  • 1.1ពាន់
  • ដោយ Admin

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំ ពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្តអគារ(ខ) ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម
យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងសមាជិក សមាជិកាជាច្រើនរូបទៀត ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តាំផ្ញើដល់ លោកប្រធានមន្ទីរបរិស្ថានថ្មី ឲ្យខិតខំយកចិត្តទុកដាក់​ចំពោះ​ការងារ​ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួង​ យកចិត្តទុកដាក់លើការងារគ្រប់គ្រង​ និងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ​ បន្តកិច្ចការងារ​ទំនាក់ទំនងឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធ​ និងដៃគូរអង្គការសង្គមស៊ីវិលនានា​។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់លោកប្រធានមន្ទីរថ្មី ក្រោយពីពេលទទួលបានតួនាទីថ្មីហើយ ត្រូវខិតខំទ្វេរឡើងថែមទៀត ក្នុងការបំពេញភារកិច្ចដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន និងជាតិមាតុភូមិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្នាក់លើដែលប្រគល់ជូន ។ ខិតខំបន្តជម្រុញឱ្យប្រជាពលរដ្ឋយល់ច្បាស់អំពីផលប៉ះពាល់ និងកិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិ តាមបណ្តាក្រុង ស្រុក សហគមន៍តំបន់ការពារធម្មជាតិ និងពង្រឹងសហគមន៍តំបន់ការពារធម្មជាតិ ត្រូវខិតខំបន្តកិច្ចសហការគ្នាឱ្យបានជិតស្និតជាមួយជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារឱ្យទទួលបានប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ។

ចូលរួមអនុវត្តអោយបានហ្មឹងម៉ាត់ក្នុងការប្រតិបត្តិច្បាប់ អនុវត្តយ៉ាងសកម្មតាមកម្មវិធីនយោបាយ ជាពិសេសយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានកាន់តែប្រសើរ និងទូលំទូលាយថែមទៀតរវាងថ្នាក់លើ និងថ្នាក់ក្រោម និងជាមួយបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធនានា និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្ត្រីរាជការ ដោយមានការពង្រឹងវិន័យ ចេះសម្របសម្រួល តាមដាន ការងារ និងលើកទឹកចិត្តមន្ត្រីរាជការក្រោមឱវាទ ដើម្បីឱ្យពួកគេបញ្ចេញឱ្យអស់សមត្ថភាពប្រកបដោយមនសិកាវិជ្ជាជីវៈរបស់ខ្លួនដែលមាន។ ត្រូវយកចិត្តទុកដាក់លើការងារប្រកបដោយភាពឈ្លាសវៃ ត្រូវមានចក្ខុវិស័យ ទិសដៅផែនការសកម្មភាព លើវិស័យដែលខ្លួនដឹកនាំ ហើយអ្វីជាអាទិភាពក្នុងករណីមានបញ្ហាកើតឡើង ឬមានបញ្ហាប្រឈមត្រូវខិតខំរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ត្រូវមានគំនិតផ្តួចផ្តើម និងមានមនសិកាការងារខ្ពស់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អផងដែរ។

លោក ឱម ម៉ាក់ធារី ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅ មតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា ជាមួយគ្នានោះលោកនឹងរក្សា និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ៕

អត្ថបទទាក់ទង