កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា ស្ថិតនៅភូមិស្ដុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា÷ ថ្ងៃទី០៩ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឬក្ស ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរដ្ឋបាល ព្រៃឈើជាសេនាធិការ តែងតែសហការយ៉ាងល្អប្រសើរជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សូមរំឭកជូនអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” នេះឡើងតាំងពីទសវត្សរ៍ទី៣០ ដោយមានការចូលរួមយ៉ាងរស់រវើកពីប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ ហើយទីបំផុត ត្រូវបានទទួលស្គាល់ ជាពិធីប្រពៃណីជាតិមួយដែលកំណត់ដោយព្រះរាជ-ក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ ព្រះអង្គបានបណ្តុះនូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍ នៃព្រៃឈើ ជីវៈចម្រុះគ្រប់ប្រភេទ ហើយព្រះអង្គមានព្រះរាជបន្ទូលថា ”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។ ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហត្ថដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតន-កោដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ “រុក្ខទិវា” តាមសេចក្តីសម្រេចលេខ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើង នៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំរហូតមក។
ឯកឧត្តមបានបន្ត÷ ប៉ុន្តែដោយសារហានិភ័យបណ្តាលមកពីជំងឺឆ្លងកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតជាសកល និងក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំ “រុក្ខទិវា” នេះ ចាប់ពីឆ្នាំ២០២០ មកទល់ពេលនេះ ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសកលនេះនៅក្នុងសហគមន៍។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត យើងខ្ញុំសូមអបអរសាទរ “រុក្ខទិវា ០៩ កក្កដា” ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ សត្វព្រៃគ្រប់ប្រភេទឱ្យបានស្ថិតស្ថេរ និងនិរន្តរភាព សម្រាប់កូនចៅរបស់យើងទាំងអស់គ្នាដោយអនុវត្តវិធានបច្ចេកទេសវៃឆ្លាត និងមានឆន្ទៈចូលរួមទប់ស្កាត់បទល្មើសព្រៃឈើតាមនីតិវិធីជាធរមាន។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិទាំងអស់នឹងចងចាំជានិច្ចនូវព្រះរាជានុសាសន៍ដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា “រុក្ខទិវា” ជាពិធីមួយបានបង្ហាញឱ្យឃើញនូវទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជនយើង សហការសាមគ្គីគ្នា ការពារ ថែរក្សាព្រៃឈើ និងដាំដើមឈើ ដើម្បីបរិស្ថានធម្មជាតិល្អ សម្រាប់ជាឧត្តមប្រយោជន៍របស់យើងទាំងអស់គ្នាផង និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ។
គួរបញ្ជាក់ផងដែលថា÷ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាំកូនឈើ បេង ធ្នង់ ក្រញូង ចំនួន ៧៥០ ដើម ស្ថិតនៅក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងកូនឈើសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំបន្ត រួមមានចំនួន ៣០០ ដើម។